កម្សាន្ត៖ តារាសម្តែងស្រី Amber Heard បានប្រកាសដំណឹងល្អ ដោយបានស្វាគមន៍សមាជិកថ្មី ដែលជាកូនភ្លោះ ប្រុសស្រី ២នាក់ទៀត ក្នុងថ្ងៃបុណ្យម្ដាយ ១១ ខែឧសភា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ បានបង្ហោះរូបថតជើងដ៏គួរឲ្យស្រលាញ់របស់ទារកទាំងពីរ ដែលទើបនឹងកើត នៅលើ Instagram ដោយបានបង្ហាញសារថា «ទិវាអ្នកម្តាយឆ្នាំ ២០២៥ នឹងក្លាយជាការចងចាំ ដែលខ្ញុំមិនអាចបំភ្លេចបាន ឆ្នាំនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានបំពេញគ្រួសារ ដែលខ្ញុំបានខិតខំកសាងអស់ជាច្រើនឆ្នាំ។ ថ្ងៃនេះ ខ្ញុំចែករំលែកជាផ្លូវការនូវដំណឹងរីករាយ នៃការស្វាគមន៍កូនភ្លោះចូលគ្រួសារ Heard»។

តារាស្រីរូបនេះ ក៏បានរំឮកដល់ការក្លាយជាម្តាយដំបូង ក្នុងឆ្នាំ ២០២១ នៅពេលដែលនាងមានកូនស្រីដំបូងរបស់នាង តាមរយៈការពពោះជំនួស។ ហើយនៅចុងបញ្ចប់នៃការបង្ហោះនេះ Amber Heard បានផ្ញើពាក្យជូនពរទៅកាន់អ្នកម្តាយជុំវិញពិភពលោក ហើយសង្ឃឹមថា គ្រប់គ្នានឹងចែករំលែកភាពរីករាយរបស់នាង នៅថ្ងៃបុណ្យម្ដាយ។

គួររំឮកផងដែរថា កាលពីខែធ្នូកន្លងទៅ អ្នកតំណាងរបស់ Amber Heard បានប្រកាសថា តារាស្រីរូបនេះ កំពុងរំពឹងថានឹងមានកូនម្នាក់ទៀត។ អ្នកតំណាងបាននិយាយថា ទារកស្ថិតក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ដូច្នេះ Amber មិនចង់ចែករំលែកព័ត៌មានលម្អិតទេ ប៉ុន្តែនាង និងកូនស្រី Oonagh ពិតជារំភើបខ្លាំងណាស់៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖




