ខេត្តព្រះសីហនុ៖ អ្នកភូមិនៅខេត្តព្រះសីហនុបាននិយាយថា ពួកគាត់ជឿថារោងចក្រស្បែកគោមួយកន្លែង ក្បែរនោះដែលជាអ្នកបញ្ចេញកាកសំណល់រាវចូលទន្លេក្នុងភូមិ គឺត្រូវតែទទួលខុសត្រូវចំពោះត្រីងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋរាយការណ៍ថា មានត្រីងាប់យ៉ាងច្រើននៅព្រែកកំពង់ស្មាច ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ករណីនេះអាចបណ្តាលមកពីដំណើរការរោងចក្រកែច្នៃស្បែកគោ ដែលមានទីតាំងនៅឃុំសាមគ្គី បានបញ្ចេញកាកសំណល់រាវចូលទៅក្នុងអូរ។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារចម្រុះដឹកនាំដោយលោក ចេន រ៉េត នាយករងរដ្ឋបាលខេត្តព្រះសីហនុ ជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងហាមឃាត់ការបង្ហូរកាកសំណល់រាវពីរោងចក្រ ដែលបានបង្ហូរកាកសំណល់រាវចូលទៅក្នុងព្រែកកំពង់ស្មាច់ ដែលបង្កការខូចខាតបរិស្ថាន និងប៉ះពាល់ដល់ការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ភ្លាមៗ ពីអ្នកជំនាញ ឬមន្ទីរពាក់ព័ន្ធណាមួយបញ្ជាក់ថា តើត្រីដែលប្រជាពលរដ្ឋចិញ្ចឹមនោះ ងាប់ដោយសារការបង្ហូរកាកសំណល់រាវរបស់រោងចក្រ ឬដោយសារបញ្ហាមួយចំនួនទៀតនោះទេ ដោយរង់ចាំការស៊ើបអង្កេតជាក់ស្តែងពីអ្នកជំនាញ។
ប្រភពពី៖ khmertimeskh