
ភ្នំពេញ៖ កម្ពុជា និងអាល្លឺម៉ងមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៣២ឆ្នាំ ដោយភាគីអាល្លឺម៉ងបានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងមកកាន់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជាង ២ ០០០គីឡូម៉ែត្រ ស្ពានបេតុងចំនួន ៩២, ស្រះនិង អណ្តូងទឹកជាច្រើន។
ខាងលើជាការលើកឡើង លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារ ជាមួយឆាយ លោក ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ក៏មានការចូលរួមពីក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ផងដែរ។
លោក បានលើកឡើងបន្តថា តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានរបស់ KfW, AFD និង EU ផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុជាង ៥២០គីឡូម៉ែត្រទៀត នឹងត្រូវបានស្ថាបនា។
លោក ក៏បានថ្លែងអំណរគុណចំណោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការអនុវត្តគម្រោង។ ក្នុងន័យនេះ លោក Gidon បានលើកឡើងទៀតថារដ្ឋាភិបាលនៃសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាសហគមន៍ អឺរ៉ុប នៅតែបន្តគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត។
បើតាមជំនួបនេះ លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនប្រតិភូ ទាំអស់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា។
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ជាការបន្ត លោករដ្ឋមន្រ្តី។
លោក រដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។
លោក ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយ KfW, AFD, EU កន្លងមក ដែលបានគាំទ្រយុទ្ធសាស្រ្តអាទិភាពទាំង៥ របស់ក្រសួងដើម្បីអភិវឌ្ឍតំបន់ជនបទកម្ពុជាឱ្យមានការរីកចម្រើន។
នាឱកាសនោះ លោក បានលើកជាសំណូមពរជូនដល់ដៃគូអភិវឌ្ឍន៍ដែលអញ្ជើញមកនាពេលនេះ ពិនិត្យលើលទ្ធភាពក្នុងការគាំទ្រលើការស្នើគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជាជំហាន២ ដោយបញ្ចូលការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការគាំទ្រលើប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងបញ្ជីសារពើភណ្ឌផ្លូវជនបទ, ក៏ដូចជាថវិកាបដិភាគសម្រាប់ថែទាំផ្លូវក្រោយបញ្ចប់គម្រោងផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)